បទៈ នគររាជ

(ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត)

សូម​ពួក​ទេព្តា រក្សា​មហាក្សត្រ​យើង ឲ្យ​បាន​រុង​រឿង ដោយ​ជ័យ​មង្គល ​សិរីសួស្តី យើង​ខ្ញុំ​ព្រះអង្គ សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី នៃ​ព្រះ​នរបតី​វង្ស ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម គ្រប់​គ្រង​ដែន​ខ្មែរ បុរាណ​ថ្កើង​ថ្កាន ។

ប្រាសាទ​សីលា កំបាំង​កណ្តាល​ព្រៃ គួរ​ឲ្យ​ស្រមៃ នឹក​ដល់​យស​សក្កិ​មហា​នគរ ជាតិ​ខ្មែរ​ដូច​ថ្ម គង់​វង្ស​នៅ​ល្អ​រឹង​បឹង​ជំហរ យើង​សង្ឃឹម​ពរ ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា មហា​រដ្ឋ​កើត​មាន យូរ​អង្វែង​ហើយ ។

គ្រប់​វត្ត​អារាម ឭ​តែ​សូរស័ព្ទ​ធម៌ សូត្រ​ដោយ​អំណរ រំឭក​គុណ​ពុទ្ធ​សាសនា ចូរ​យើង​ជា​អ្នក ជឿ​ជាក់​ស្មោះស្ម័គ្រ​តាម​បែប​ដូនតា គង់​តែ​ទេវតា នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់​ផ្គង់​ប្រយោជន៍​ឲ្យ ដល់​ប្រទេស​ខ្មែរ ជា​មហា​នគរ៕


បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​​ដោយៈ សម្ដេច​​ព្រះ​សង្ឃរាជ ជួន ណាត

ខ្មែរ​​អើយ​​ចូរ​​ចាំ​​ជាក់​​ថា តាម​​សាវតារ​​ជាតិ​​ខេមរា​​ធ្លាប់​​តែ​​ថ្កើង ទឹក​ដី​ខ្មែរ​ធំ​ទូលំ​ទូលាយ​សុះសាយ​រុងរឿង គេ​ឯង​តែង​លើក​តំកើង តម្កល់​ជាតិ​យើង ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

អារ្យធម៌​ខ្ពង់ខ្ពស់​ឆើតឆាយ បាន​ចេញ​ផ្សព្វផ្សាយ​គ្រប់​ទិសទាំង​​ឡាយ ចុង​បូព៌ា សាស្រ្តា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា តន្ត្រី​ទស្សនវិជ្ជា ព្រះពុទ្ធ​សាសនា ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

ខ្មែរ​អើយ​ចូរ​ចាំ​ស្តាប់​សាវតារ ដែល​បាន​ចរចារ បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​ថ្កើង តាំង​ចិត្ត​ឱ្យ​មាំ ខិត​ខំ​ប្រឹង​វិញ បញ្ចេញ​តំកើង តម្លៃ​នៃ​ជាតិ​ខ្មែរ​យើង ឱ្យ​បាន​រុង​រឿង ជា​ថ្មី​ឡើង​តាម​សាវតារ ៕